Tuesday, October 11, 2011

ទឹកឃ្មុំ និងវិធីទទួលទាន​តាមក្បួនចិន


ទឹកឃ្មុំ គឺជាថ្នាំពីធម្មជាតិមានប្រសិទ្ធភាពខ្ពស់ អាចព្យាបាលជំងឺនានា រួមទាំង​​អាការ​ពុលអាហារ ឬក្អួតចង្អោរ​បាន។ តាមក្បួនពេទ្យរបស់ចិន ឱ្យដឹងថា ដើម្បី​ឱ្យ​ទទួល​ទាន​ទឹកឃ្មុំ​មានប្រសិទ្ធភាព អ្នកគួរអនុវត្ដតាមការណែនាំ ដូច​ខាង​ក្រោម...

-កុំទទួលទានទឹកឃ្មុំ ជាមួយនឹងតៅហ៊ូ ៖
របស់ទាំង២នេះ មិនអាចទទួលទានរួមគ្នាបានឡើយ ព្រោះទឹកឃ្មុំ មាន គុណសម្បត្ដិ​​ធ្វើ​ឱ្យ​ក្ដៅ រីឯតៅហ៊ូ មានគុណសម្បត្ដិធ្វើឱ្យត្រជាក់ បណ្ដេញជាតិក្ដៅ ចេញ​ពី​ឈាម។ នៅពេលដែលក្ដៅ នឹង​ត្រជាក់​ប៉ះគ្នា អាចធ្វើឱ្យអ្នកក្ដៅខ្លួន គ្រុន​បាន។ ចំណែក​ខាងវិទ្យាសាស្ដ្រក៏បានបកស្រាយដែរថា តៅហ៊ូ និងទឹកឃ្មុំ មិន​អាច​នៅ​ជាមួយ​គ្នាបានឡើយ ព្រោះអង់ហ្ស៊ីមរបស់ទឹកឃ្មុំ នឹងទៅបំផ្លាញ សារធាតុប្រូតេអ៊ីន នៅក្នុងតៅហ៊ូ ធ្វើឱ្យបាត់បង់គុណតម្លៃអាហារបាន។

-កុំទទួលទានទឹកឃ្មុំ បើអ្នកមានជំងឺទឹកនោមផ្អែម ៖
ទឹកឃ្មុំ មានជាតិស្ករប្រភេទគ្លុយកូស (Glucose) និងហ្វ្រ៊ុកតូស (Fructose) ដែល​រាងកាយ​​អាច​ស្រូបយក​បានភ្លាមៗ ក្នុងកម្រិតខ្ពស់។ ប្រសិនបើ អ្នក​មាន​ជំងឺ​ទឹកនោមផ្អែម នៅពេល​ដែល​អ្នក​ទទួលទាន​ទឹក​ឃ្មុំ ធ្វើឱ្យថ្លើម បញ្ចេញអ័រម៉ូន​អ៊ីនស៊ូលីន មក​គ្រប់គ្រង​ជាតិស្ករ មិនទាន់ ធ្វើ​ឱ្យ​អាការ​ជំងឺ កាន់តែ​កើត​ឡើង​លឿន​ជាង​ធម្មតា។

-កុំទទួលទានទឹកឃ្មុំ ជាមួយទឹកក្ដៅ ៖
ទឹកដែលអ្នកយកមកលាយជាមួយទឹកឃ្មុំ មិនគួរមានកម្ដៅលើសពី ៤០​អង្សាសេ​ឡើយ ព្រោះកម្ដៅ នឹងបំផ្លាញអង់ហ្ស៊ីម វីតាមីន អាស៊ីដអាមីណូ និងសារធាតុ​អាហារ​​នៅ​ក្នុង​ទឹកឃ្មុំ។

-កុំទទួលទានទឹកឃ្មុំ នៅពេលរាករូស ៖
ភាគច្រើន នៅពេលកើតមានអាការរាករូស មនុស្សជាច្រើន លាយទឹកឃ្មុំ​ ជាមួយ​ទឹកក្ដៅឧណ្ហៗ ទទួលទានជំនួសទឹកអំបិលរ៉ែ ព្រោះគិតថា វាទទួលបាន​​ប្រយោជន៍​ច្រើន​ជាង។ ប៉ុន្ដែ តាមការពិត វាកាន់តែធ្វើឱ្យ អ្នករាករូស​​កាន់តែ​ខ្លាំង​ទៅវិញទេ ព្រោះទឹកឃ្មុំ គឺជាថ្នាំបញ្ចុះ ប្រសិនបើអ្នក​ទទួលទាន​ទៅ វា​អាច​ធ្វើ​ឱ្យ​អ្នក​អស់កម្លាំង ដោយមិនដឹងខ្លួនបាន។

-កុំទទួលទានទឹកឃ្មុំ ជាមួយគូឆាយ ៖

គូឆាយ ជាបន្លែមួយប្រភេទដែលមានវីតាមីនសេ C យ៉ាងច្រើន ប៉ុន្ដែ នៅ​ពេល​ដែល​វីតាមីន C ប៉ះជាមួយលោហៈទង់ដែង និងជាតិដែក ដែលមាននៅក្នុង ទឹកឃ្មុំ វា​អាច​បណ្ដាល​​ឱ្យ​មាន​អុកស៊ីដកម្ម ធ្វើឱ្យបាត់បង់គុណតម្លៃអាហារបាន។ ម្យ៉ាងទៀត គូឆាយ គឺជាបន្លែ​ដែល​មាន​កាក​សរសៃ​ខ្ពស់ ប្រសិនបើអ្នក​​ទទួលទាន​ជាមួយ​ទឹកឃ្មុំ វាអាចនឹងបណ្ដាលឱ្យអ្នក រាករូស​បាន៕​​                              (Refer: AKT)