-ការអញ្ជើញទីជូអៀ ឬជំនាងផ្ទះ មាន២ករណី គឺ ៖
១.មិនធ្លាប់មានទីជូអៀ ហើយត្រូវសាងផ្ទះឱ្យទីជូអៀ។
២.មានទីជូអៀរួចហើយ ចង់ផ្លាស់ប្តូរថ្មី ដោយការទិញផ្ទះថ្មីឱ្យទីជូអៀ និងធ្វើពិធីសុំប្តូរផ្ទះថ្មី ឱ្យទីជូអៀ ដោយធ្វើពិធីអញ្ជើញទេវៈឱ្យមករស់នៅក្នុងផ្ទះថ្មី ជំនួសផ្ទះចាស់ដែលត្រូវរើចេញ។ ចំពោះរបស់ចាស់ដែលទ្រុឌទ្រោម ឬមិនស្អាត (ចង់ប្តូរថ្មី) អាចយកទៅចោលបាន។
អ្នកដែលធ្វើពិធីអញ្ជើញទីជូអៀ ម្ចាស់ផ្ទះគួរតែជាអ្នកដែលអញ្ជើញដោយខ្លួនឯង ព្រោះទេវៈដែលសណ្ឋិតនៅ នឹងជួយថែរក្សាឃុំគ្រងអ្នកដែលអញ្ជើញ ឱ្យមានសេចក្តីសុខមួយជីវិត។
ការអញ្ជើញទីជូអៀ ឬជំនាងផ្ទះ មានច្រើនបែបបទ ដែលអាស្រ័យទៅលើវប្បធម៌ និងទំនៀមទម្លាប់ប្រពៃណី របស់តំបន់នោះៗ។
ចំពោះការអញ្ជើញទីជូអៀ ឬជំនាងផ្ទះ នេះ បានទទួលការណែនាំពីអ្នកយល់ដឹងពីបញ្ហានេះជាច្រើនរូប ដែលត្រូវបានសម្របសម្រួលឱ្យសមស្របនឹងយុគសម័យនេះ មានលក្ខណៈសាមញ្ញ និងសន្សំសំចៃជាងមុន។ ប៉ុន្តែ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមក្បួនអញ្ជើញទីជូអៀ ឬជំនាងផ្ទះ ដូចតទៅនេះ ៖
-ការត្រៀមរៀបចំគ្រឿងសំណែន ៖
១.កំប៉ុង ឬថូដាក់ជើងធូប ដែលមានចេងជី (វត្ថុមង្គល៥យ៉ាង), កម្ទេចផេះពីចង្ក្រានធ្យូង (មិនគួរប្រើខ្សាច់ទេ), កាក់ ១០-៥កាក់ (គួររកកាក់ថ្មីៗ) ដាក់ក្នុង ឬក្រោមកំប៉ុង ឬថូដោតជើងធូប ក៏បាន។
២. ធូប៥ដើម
៣. ទៀនក្រហម (ជើងទានធ្វើពីឈើ) ១គូ
៤. ថូផ្កា ១គូ ព្រមទាំងផ្កាស្រស់ៗ
៥. ទឹកតែ ៥ពែង
៦. ស្រា ៦ពែង
៧. ផ្លែឈើ ៥មុខ
៨. នំហ៊្វូ (ហួកគួយ) ១ដុំ
៩. នំអ៊ី (អាំងអ៊ី) ៥ពែង
១០. នំអាន់ចាប់
១១. បាយស្រួយ ៥ចាន
១២. សាសេ ឬង៉ូវសេ។
-អ្នកដែលត្រូវធ្វើពិធីអញ្ជើញជំនាងផ្ទះ ៖
គឺម្ចាស់ផ្ទះ ឬព្រឹទ្ធបុរស (មនុស្សចាស់ជាងគេ) ក្នុងផ្ទះ ឬអ្នកដែលត្រូវបាន តែងតាំងពីម្ចាស់ផ្ទះ ឱ្យធ្វើការជំនួស។ អ្នកដែលធ្វើការអញ្ជើញទីជូអៀ ត្រូវងូតទឹកជម្រះកាយឱ្យស្អាតបាត និងតែងខ្លួនឱ្យមានរបៀបរៀបរយ។
-របៀបអញ្ជើញទីជូអៀ ឬជំនាងផ្ទះ ៖
អ្នកអញ្ជើញ ត្រូវអុជទៀន ១គូ និងធូប៥ដើម ហើយលុតជង្គង់ នៅតុសក្ការបូជា ខាងមុខផ្ទះ ព្រមទាំងបន្លឺសូរសៀងថា “ថ្ងៃនេះ ជាថ្ងៃទី... (ថ្ងៃសកល ឬចិន ក៏បាន) ជាថ្ងៃនក្ខត្តប្ញក្សមង្គល ខ្ញុំព្រះករុណា, ខ្ញុំម្ចាស់... ជាម្ចាស់ផ្ទះ (ឬ ព្រឹទ្ធបុរសក្នុងផ្ទះ ឬអ្នកដែលបានទទួលការតែងតាំងឱ្យធ្វើជាអ្នកអញ្ជើញទីជូអៀ ឬជំនាងផ្ទះ) ឈ្មោះ... ផ្ទះលេខ... សូមគោរពអញ្ជើញទេវតាមេឃដី ជាសាក្សី ជាអធិបតី ក្នុងពិធីអញ្ជើញទីជូអៀ ក្នុងថ្ងៃនេះ។ សូមឱ្យទេវតាមេឃដី ជួយនាំអង្គទីជូអៀ ដ៏ស័ក្តិសិទ្ធិ និងមានប្ញទ្ធិបារមីដ៏លើសលប់ ដើម្បីមកសណ្ឋិតនៅគេហដ្ឋានដែលបានត្រៀមទុកក្នុងទីនេះ ដើម្បីមកជួយគ្រប់គ្រងថែរក្សាម្ចាស់ផ្ទះ និងសមាជិកគ្រប់រូបក្នុងផ្ទះ ឱ្យមានសុខភាពល្អ កម្លាំងកំហែងរឹងមាំ រកស៊ីមានបាន មានទ្រព្យសម្បត្តិស្តុកស្តម្ភ និងមានសំណាងល្អជានិច្ច”។
នៅពេលនិយាយចប់ ទើបដោតធូបទាំង៥ ក្នុងកំប៉ុងជើងធូបដែលដាក់លើតុ ហើយរង់ចាំរហូតដល់ធូបឆេះអស់ ទើបចូលផ្ទះ ដុតទៀនក្រហម ១គូ និងធូប ៥ដើម នៅអាសនៈទីជូអៀ ឬជំនាងផ្ទះ រួចហើយកាន់ធូប ដើរចេញមកលុតជង្គង់ខាងមុខទីសក្ការបូជាទេវតាមេឃដី ខាងមុខផ្ទះម្តងទៀត ដោយបន្លឺសំឡេងច្បាស់ៗថា “នាឱកាសនេះ វេលាមង្គលបានមកដល់ហើយ! សូមគោរពអញ្ជើញអង្គទីជូអៀ ចូលប្រតិស្ឋានក្នុងទីអាសនៈ ដែលបានរៀបចំក្នុងទីនេះ ដើម្បីជួយថែរក្សា ឃុំគ្រង ការពារមនុស្សគ្រប់រូប ក្នុងផ្ទះនេះ ឱ្យមានសេចក្តីសុខ សេចក្តីចម្រើនជានិច្ចនិរន្តរ៍ កុំបីមានសត្រូវមកបៀតបៀនបានឡើយ...៘” ហើយយកធូបទាំង៥ដើមនោះ ត្រឡប់មកដោតលើកំប៉ុង ឬថូជើងធូប របស់ទីជូអៀ និងណែនាំ រៀបរាប់ប្រាប់ពីសមាជិកគ្រប់រូប ក្នុងផ្ទះដល់ជំនាងផ្ទះ ដោយការប្រាប់ឈ្មោះ នាមត្រកូល អាយុ អាជីព...៘ ហើយសូមអញ្ជើញអង្គទីជូអៀ មកទទួលគ្រឿងសក្ការបូជា ដែលមាន... (អ្វីខ្លះក៏រៀបរាប់តាមដំណើរនោះគ្រប់យ៉ាង)។ បន្ទាប់ពីនោះ ត្រឡប់មកលុតជង្គង់ ក្រាបថ្លែងអំណរព្រះគុណទេវតាមេឃដី នៅតុសក្ការបូជា ទើបចប់ពិធី៕