Friday, June 17, 2011

បង្កងស្ងោរជ្រក់ពិសេស


-គ្រឿងផ្សំ ៖
បង្កងទន្លេ​ ឬ បង្កងសមុទ្រ ៦ក្បាល, ជីរវ៉ាន់ស៊ុយ ហាន់ទាំងប្ញសល្អិត ១ស្លាប​ព្រា​បាយ, ខ្ទឹមក្រហម ៥មើម, ម្រេច ប្រមាណ១០គ្រាប់, ប៊ីចេង ឬម្សៅស៊ុប បន្តិចបន្តួច, កាពិ ១ស្លាបព្រាកាហ្វេ, ខ្ទឹមក្រហម​ចិញ្ច្រាំ ៣មើម, ទឹកស្អាត សម្រាប់ស្ងោរជ្រក់ ៣កែវ, អំបិលម៉ដ្ឋ ១ស្លាបព្រាកាហ្វេ, ទឹកក្រូចឆ្មារ ២ ស្លាបព្រា​បាយ, ទឹកអម្ពិលទុំ ៣ស្លាបព្រាបាយ,ស្ករស ៣ស្លាបព្រាបាយ, ដើមខ្ទឹម ហាន់កង់ៗ ២-៣ដើម, ប្រេងឆា ៣ស្លាបព្រាបាយ។


-វិធីធ្វើ ៖
១.យកជីរវ៉ាន់ស៊ុយហាន់រួច បុកលាយជាមួយ​ខ្ទឹម​ក្រហម និង​គ្រាប់​ម្រេច ឲ្យ​ម៉ដ្ឋ សឹម​ដាក់​កាពិចូល បុកបន្ត​ទៀត ហើយ​ដួសឡើង ទុកមួយឡែក​សម្រាប់​ធ្វើជា​គ្រឿង​សម្ល។

២.ដាក់ប្រេងឆាចូលខ្ទះឱ្យក្តៅ ហើយដាក់ខ្ទឹមក្រហមចិញ្ច្រាំ​ចូល រួច​បំពង​ឱ្យ​ឈ្ងុយ ហើយ​ដួស​ឡើង ដាក់កូនចាន ទុកសម្រាប់រោយលើសម្ល មុនពេលទទួលទាន។

៣.បង្កង ត្រូវបកសំបក ហើយវះខ្នង ហូតយកសរសៃខ្មៅចេញ រួច​លាង​ទឹក​ឱ្យ​ស្អាត តែ​ត្រូវ​ទុកកន្ទុយ និងក្បាល ដោយគ្រាន់តែកាត់ព្រុយវាចេញបានហើយ។

៤.ដាក់គ្រឿងគ្រៅដែលបានបុករួច ឆាក្នុងឆ្នាំងដែលនៅសល់ប្រេង​ខ្លះៗ បន្ទាប់​មក ថែម​ទឹក​ចូល ហើយដាក់អំបិល។ ពេលទឹកពុះខ្លាំង ថែមទឹកក្រូចឆ្មារ ទឹកអម្ពិលទុំ ស្ករស ទឹកត្រី និងប៊ីចេង ឬ​ម្សៅស៊ុប ហើយ​ភ្លក្សមើលឱ្យមានរសជាតិជូរ ប្រៃ ផ្អែម​ល្មម សឹម​ដាក់​បង្កង​ចូល រម្ងាស់រហូតឆ្អិន រួច​ដាក់ខ្ញី និង​ដើម​ខ្ទឹមហាន់ មុននឹង​ដាក់​ចុះ​ពីចង្ក្រាន៕