Friday, September 09, 2011

ក្រោយទទួលទានអាហារ មិនគួរដុសធ្មេញភ្លាម



មនុស្សមួយចំនួន មានទម្លាប់ដុសធ្មេញ រាល់ពេល ក្រោយទទួលទានអាហារ ជាពិសេស បើទទួលទានអាហារដែលមានរសជាតិផ្អែម នំចំណីផ្សេងៗ រួមទាំង​ភេសជ្ជៈមានជាតិ​ហ្គាស់ ព្រោះបើទទួលទានអាហារទាំងនេះហើយ មិនដុសធ្មេញ អាចធ្វើឱ្យធ្មេញឆាប់ពុក ។



ប៉ុន្ដែ ការពិត ការដុសធ្មេញក្រោយទទួលទានអាហារភ្លាមៗ អាចធ្វើឱ្យស្រទាប់​របស់​ធ្មេញ ត្រូវបំផ្លាញ ដោយការត្រូវបំផ្លាញរបស់ស្រទាប់ធ្មេញនោះ កើតពីការដុសធ្មេញ​ក្រោយទទួលទានភេសជ្ជៈភ្លាមៗ អាចធ្វើឱ្យស្រទាប់ស្រោបការពារធ្មេញ ចាប់ផ្ដើម​ស្ដើង ក្រោយពីអ្នក ដុសធ្មេញភ្លាម ក្នុងអឡុង១ម៉ោង ពេលភេសជ្ជៈ​ដែល​មាន​ជាតិ​ហ្គាស់ បានធ្វើប្រតិកម្មជាមួយធ្មេញ ធ្វើឱ្យដង់ទីន (Denten) ដែលជាស្រទាប់ ជ្រៅជាង​សារធាតុស្រោបធ្មេញ កើតការសឹកកាន់តែងាយ ធ្វើឱ្យធ្មេញ ទន់ខ្សោយ ។

បើតាមលោកសាស្ដ្រាចារ្យវេជ្ជបណ្ឌិត មេឡានី ឌីចាមីល អ្នកជំនាញ​ផ្នែក​​សុខភាព​មាត់ធ្មេញ នៅ​សាកលវិទ្យាល័យ ទ្រីសាក់ទី ក្នុងទីក្រុងហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី បានមានប្រសាសន៍ថា ភាពជាអាស៊ីដ របស់ទឹកមាត់ នឹង​ថយចុះ នៅពេលយើងទទួលទានអាហារ ប្រសិនបើយើង ប្រញាប់​ដុសធ្មេញភ្លាម ក្រោយ​ទទួលទានអាហារ នឹងបំផ្លាញរចនាសម្ព័ន្ធ របស់ទឹកមាត់ ដែល​មានតួនាទី​ជួយ​ដល់ប្រព័ន្ធរំលាយអាហារ។ យកល្អ គួរខ្ពុរមាត់ដោយទឹក ក្រោយទទួលទានអាហារ ដើម្បី​បន្ថយ​ចំនួនបាក់តេរីក្នុងមាត់។

ដូច្នេះ កុំប្រញាប់ដុសធ្មេញភ្លាមៗ ក្រោយពេលទទួលទានអាហារ រង់ចាំ​ឱ្យ​កន្លង​ហួស​១-២ម៉ោងសិន សឹម​ដុសធ្មេញ ដើម្បីឱ្យធ្មេញ រឹងមាំ​បានយូរអង្វែង៕