Tuesday, May 03, 2011

វិធីបន្ថយការឈឺចាប់សាច់ដុំក និងស្មា


ចំពោះអ្នកធ្វើការក្នុងការិយាល័យ អាចស៊ាំនឹងកា​រឈឺចាប់សាច់ដុំក និងសាច់ដុំស្មា។ តាម​ការសិក្សា​លើ​អ្នកធ្វើការ បង្ហាញ​ថា ៧នាក់ ក្នុងចំណោម​មនុស្ស ១០នាក់ មានអាការ​ឈឺចាប់​តាម​សាច់​ដុំក។

វិធីខាងក្រោមនេះ អាចជួយកាត់បន្ថយអាការ ឈឺចាប់សាច់ដុំក និងស្មា មិនឱ្យ​រីករាល​ដាល​កាន់តែ​ខ្លាំងឡើង​...។

-ឥរិយាបថពេលអង្គុយធ្វើការ ៖

ឥរិយាបថដ៏ត្រឹមត្រូវ គឺត្រូវដាក់ក្បាលឱ្យត្រង់ស្រប​​គ្នានឹង ឆ្អឹងខ្នង មិនគួរ​ឈ្ងោ​កទៅមុខ ឬអែន​មក​ក្រោយ ដោយ​តម្រូវកៅអី ឱ្យសមស្រប​ទៅនឹងកម្ពស់ និងគួរក្រោកពីកន្លែងអង្គុយ រៀងរាល់​កន្លះ​ម៉ោង ម្តង។

-ការលើករបស់ ៖

ឥរិយាបថលើករបស់ធ្ងន់​ មិនត្រឹមត្រូវ ក្រៅពីធ្វើឱ្យឈឺខ្នង​ផ្នែកខាងក្រោមហើយ នៅ​រាលដាល​មក​ដល់​​​ដើម-កទៀតផង។ បើលើករបស់ធ្ងន់ ពីលើដី គួរបន្ទន់ខ្លួន រួចលើកដោយការ​ប​ន្ទន់ជង្គង់ និង​ទម្លាក់​​​ត្រគាកចុះ ឱនចុះ​ឱ្យជិត ទើប​មិ​នបាច់​ឈោង​លើករបស់​ធ្ងន់នោះ ហើយ​បើត្រូវ​​​ឈោងចាប់​របស់​​ដែល​​ខ្ពស់ជាង​ក្បាល មិនត្រូវ​ឱ្យក្បាល នៅក្នុង​លក្ខណៈ​ងើយទៅ​ខាង​ក្រោយទេ។

-ការយួរកាបូបធ្ងន់ៗ ៖

ស្ត្រីធ្វើការការិយាល័យ ភាគច្រើន ចូលចិត្តស្ពាយ​កាបូបធ្ងន់ៗ ដោយ​មិនដឹងខ្លួន។ យកល្អ អ្នកគួរ​រៀបចំ​កាបូប​សាជាថ្មី ដើម្បី​ឱ្យ​ទម្ងន់បាន​ចែកចាយស្មើគ្នា របស់​ណា​ដែលមិនចាំបាច់ គួរ​យក​ចេញ បើមិន​ដូច្នេះ​​ទេ ប្រៀប​ដូចជា​​អ្នក​ស្ពាយដុំថ្ម ទៅធ្វើការ​ជាមួយ​រាល់ថ្ងៃ​អ៊ីចឹង។

អាការ​ឈឺសាច់​ដុំបរិវេណក និងស្មា មានមូលហេតុមកពី​សកម្មភាព​របស់ អ្នកផ្ទាល់ ដូចនេះ បើចង់​ព្យាបាល ត្រូវ​ចាប់ផ្តើម​ពីខ្លួន​អ្នកផ្ទាល់ ជាមុន៕