Thursday, June 09, 2011

ស្វែងរកសេចក្តីសុខពីការថើប


ថើប ជាភាសាផ្នែករាងកាយមួយ បង្ហាញ​ពី​ក្តី​ស្រលាញ់។ ម៉្យាង​ទៀត ការថើប អាច​បង្ហាញ​ពី​ការ​រាក់ទាក់គ្នា ការនិយាយ លាគ្នា ការបង្ហាញពីការនឹករលឹក ឬពេល​​ខ្លះ ជា​ការបើកឆាកស្នេហា...។


-ការថើប និងសម្ព័ន្ធភាព ៖

ចំពោះអ្នកដែលរៀបការរួច ការថើប អាច​ជា​ការ​ស្ទាប​ស្ទង់ពីក្តីស្រលាញ់ ដូចជា ផ្តល់​ការ​​ស្វាគមន៍ ការលាគ្នា ជាដើម។ ម៉្យាងទៀត តាមរយៈការថើប គូស្នេហ៍​អាច​សង្កេត​ដឹង​ថា ដៃគូ​របស់ខ្លួន មាន​អាការខុសប្រក្រតីយ៉ាងណា ទោះបី​ជា​​អ្នក​បាន​រៀបការ​មក​ជាយូរ រាប់សិបឆ្នាំ​ហើយ​ក៏ដោយ។

-រឿងដែលអាចបំផ្លាញការថើប ៖

មុនពេលថើប អ្នកដែលពាក់វ៉ែនតា ចាំបាច់ត្រូវដោះវ៉ែនតាចេញ។ ម៉្យាងទៀត ប្រសិន​បើអ្នកពត់ធ្មេញ អ្នកត្រូវប្រាកដថា អ្នកមិនបាច់ថើបគ្នាខ្លាំងពេកនោះឡើយ ព្រោះ​បើ​មិន​ដូច្នោះ​ទេ ដែកដែល​ស្រោប​ធ្មេញ អាចនឹងសង្កត់មាត់បាន។ តែ​បើ​ភាគី​ទាំង​សង​ខាង សុទ្ធតែពត់ធ្មេញដូចគ្នា អ្នក​មិន​ចាំ​បាច់​បារម្ភឡើយ ព្រោះ​ការ​ថើប​បែប​ធម្មតា មិន​ធ្វើ​ឱ្យ​ប៉ះពាល់ដល់ដែកឡើយ។

-បទពិសោធន៍នៃការថើប ៖

ចំពោះអ្នកដែលទើបតែថើបជាលើកដំបូង នឹងមានអារម្មណ៍ថា ជាការឱបរឹត និង​ជា​សញ្ញាមួយដែល ឈានទៅដល់ការរួមភេទ ដោយមិនបានត្រៀមខ្លួន។ ប៉ុន្តែ ចំពោះ​អ្នក​ដែលរៀបការហើយ ការថើប នឹងមានការថយចុះ ឬ​ថើប​ត្រឹម​តែ​បន្តិចបន្តួច មិន​មាន​ភាពស្និទ្ធស្នាលដូចមុនឡើយ។

-ចំណុចគួរប្រយ័ត្ន ក្នុងការថើប ៖

ចំណុចដែលអ្នកគួរប្រយ័ត្នបំផុត ក្នុងពេលថើប គឺក្លិនមាត់ ដែលអ្នក​អាច​កម្ចាត់​វា​ដោយ បៀម​ស្ករ​គ្រាប់ ឬស្ករកៅស៊ូក្លិនជីរអង្កាម គ្រប់ពេល ឬមុនពេលថើប។ ចៀស​វាង​ទទួលទាន​អាហារ​ដែល​មាន​ក្លិនខ្លាំង ដូចជា ខ្ទឹមស និងខ្ទឹមបារាំង ជាដើម។ ចំពោះអ្នកដែលមិនជក់បារី ប្រាកដជាមិន ចូលចិត្ត​ក្លិនបារីឡើយ។ ដូចនេះ អ្នក​ត្រូវ​កម្ចាត់ក្លិនបារី ឱ្យអស់ជាមុនសិន។ មិនត្រូវសើចឡើយ ក្នុង​ពេល​ថើប។

-រឿងដែលគួរដឹងពីការថើប ៖

ការថើបធ្វើឱ្យសាច់ដុំ២៩ផ្នែក នៅលើផ្ទៃមុខ មានចលនា។ មានន័យថា ការថើប ជា​​វិធី​​​ធ្វើ​ចលនា​សាច់ដុំ​ដែលល្អបំផុត ដើម្បីការពារភាពជ្រីវជ្រួញ។ នៅក្នុងទឹកមាត់ ដែល​​គូស្នេហ៍​ប្តូរគ្នា ក្នុង​អំឡុង​ពេល​ថើបនោះ មានសារធាតុផ្សេងៗជាច្រើន ដូចជា ជាតិខ្លាញ់ អំបិលរ៉ែ ប្រូតេអ៊ីន ជាដើម។ តាមការ​សិក្សាថ្មីៗនេះ បានរកឃើញថា ការ​ផ្លាស់ប្តូរសារធាតុទាំងអស់នេះ ជួយ​ជំរុញ​ដល់​ការ​ផលិត​អង្គ​បដិបក្ខ ក្នុងការ​កម្ចាត់​មេរោគប្រភេទផ្សេងៗ ដែលមាននៅក្នុងរាងកាយ។ ក្នុងពេលថើបគ្នា រាងកាយ​នឹង​ផលិតសារធាតុដែលធ្វើឱ្យញៀនជាងម័រហ៊្វីន ដល់ទៅ២០០ដង ជាហេតុធ្វើ​ឱ្យ​​គូស្នេហ៍​​​មាន​អារម្មណ៍​​​ថា មានសេចក្តីសុខ៕