Thursday, May 26, 2011

ថ្ងៃសែន និង ការសែនទីជូអៀ ឬជំនាងផ្ទះ



ថ្ងៃសែនទីជូអៀ ឬជំនាងផ្ទះ ៖
ក្រៅពីការសែនទីជូអៀ តាមប្រក្រតី ដែលសែន​រៀង​រាល់​ថ្ងៃ​ឈិវអ៊ិក និង​ចាប់ង៉ូវ គឺ​ថ្ងៃ​ទី០១ និង​ថ្ងៃទី​១៥ រៀង​រាល់​ខែ តាម​ប្រតិទិន​ចិន នៅ​មាន​ការ​សែន​ក្នុង​ថ្ងៃ​ទី​០២ និង​ទី​១៦ ទៀត​ផង​ដែរ ដែល​ហៅ​ថា ​ចងែ ឬ​សែន​ងែ ជាពិសេស​​បំផុត គឺ​ងែ​ដំបូង ថ្ងៃ​ទី០២ ខែ១ និង​ងែ​ចុង​ក្រោយ​ ថ្ងៃ​ទី​១៦ ខែ​១២ រៀង​រាល់​ឆ្នាំ ​នឹង​មាន​ការសែន​ព្រេន​យ៉ាង​ធំដុំ ដើម្បី​សុំពរ​ពី​ជំនាង​ផ្ទះ និង​ជា​ការ​ដោះ​ពាក្យ​បណ្តាសា តប​ស្នង​បុណ្យ​គុណ​ចំពោះ​ទីជូ​អៀ ដែល​បាន​ជួយ​ឃុំ​គ្រង ថែ​រក្សា​អ្នក​រស់នៅ​ក្នុង​ផ្ទះ ឱ្យ​រស់នៅ​បាន​សុខ​សប្បាយ សុខ​ភាព​ល្អ ប្រកប​របរ​រកស៊ី ឬ​ធ្វើ​ការងារ​ផ្សេងៗ​បាន​រលូន​ល្អ។


ការសែនទីជូអៀ ឬជំនាងផ្ទះ ៖
ត្រូវសែនដោយធូប ៥ដើម (សំដៅដល់ឆៃស៊ិងអៀ “ទីជូអៀ” ឬអាទិ​ទេព នៃ​ជោគ​លាភ ដែល​មាន​សេនា​៤នាក់ គឺសៀវ សេង, ឆៅ ប៉, តាំង គីវកុង, អៀវ សៀស៊ី) ទៀន ១គូ, ផ្កា, ទឹកតែ ៥ពែង។

ចំពោះអត្ថន័យក្នុងការប្រើធូប ៥ដើម គឺសំដៅទៅ​លើ​ធាតុ​ទាំង៥ គឺ ដី មាស ទឹក ឈើ ភ្លើង។

ពាក្យដែលត្រូវនិយាយ នៅពេលសែន ៖
-ដោតធូបដើមទី១ សូមឱ្យមនុស្សទាំងអស់ក្នុង​គ្រួសារ រស់​នៅ​ដោយ​មាន​សេចក្តី​សុខ ធ្វើ​ដំណើរ​ដោយ​សុវត្ថិភាព។

-ដោតធូបដើមទី២ សូមឱ្យគ្រប់គ្នាក្នុងគ្រួសារ មាន​សំណាង​ល្អ មាស​ប្រាក់ លាភ​សក្ការៈ ហូរ​ចូល។

-ដោតធូបដើមទី៣ សូមឱ្យគ្រប់គ្នាក្នុងគ្រួសារ រស់នៅចុះ​សម្រុង​​​គ្នាល្អ គ្មាន​​រឿង​​ឈ្លោះ​​ប្រកែក​គ្នា។

-ដោតធូបដើមទី៤ សូមឱ្យគ្រប់គ្នា​ក្នុង​គ្រួសារ មាន​អ្នក​ឧបត្ថម្ភ​គាំទ្រ គ្រប់​ទិស​ទាំង​៤។

-ដោតធូបដើមទី៥ សូមឱ្យ​គ្រប់គ្នា​ក្នុង​គ្រួសារ គិត​ប្រាថ្នា​អ្វីៗ​បាន​សម្រេច ដូច​បំណង គ្រប់​ប្រការ។ នៅពេលដោតធូប ត្រូវដោតធូបម្តង ១​ដើមៗ បន្ទាប់​ពីនោះ ពោល​ពាក្យ​អធិដ្ឋាន​សក្ការៈ​បូជា បួង​សួង​បន់ស្រន់​ប្រាថ្នា ដោយ​អាច​និយាយ​ឮៗ ឬ​ខ្សឹបៗ ជា​ភាសា​ខ្មែរ​ក៏​បាន ចិន​ក៏​បាន៕