Tuesday, May 10, 2011

វិធីថែទាំសុខភាព ប្រចាំថ្ងៃ


-ទទួលទានទឹក ឱ្យបានច្រើន ពេញ១ថ្ងៃ

គួរដាក់ទឹកតាមខ្លួន ជានិច្ច ព្រោះទឹក មានសារសំខាន់ណាស់ ដល់គ្រប់ប្រព័ន្ធ​ក្នុង​រាងកាយ និង​កោសិកា​ស្បែក។ ការទទួលទានទឹក បានគ្រប់គ្រាន់ អាច​ជួ​យបន្ថយ​ការ​អស់កម្លាំង ធ្វើ​ឱ្យ​រាងកាយ ស្វាហាប់។ ប៉ុន្តែ បើអ្នក​មិនចូលចិត្ត​ទឹកសុទ្ធធម្មតា អ្នក​អាចទទួលទាន​ទឹក​តែ​ ស្រាលៗ ឬអាច​ច្របាច់​ក្រូចឆ្មារ បន្ថែម​រស​ជាតិក៏បាន។

-បន្ថយការទទួលទានកាហ្វេ និងភេសជ្ជៈដែលមានជាតិស្ករ និងកាហ្វេអ៊ីន

ដូចជា ទឹកក្រូចមានជាតិហ្គាស់ ភេសជ្ជៈប៉ូវកម្លាំង ព្រោះ​ជាតិស្ករ និង​កាហ្វេអ៊ីន ជួយ​ជំរុញ​ឱ្យ​រាងកាយមានកម្លាំង ប៉ុន្តែ បាន​តែរយៈ​ពេល​ដំបូងប៉ុណ្ណោះ បន្ទាប់មក កម្លាំង​នឹង​ថយចុះខ្លាំង។ ដូចនេះ អ្នកគួរ​ទទួលទាន​តែបៃតង តែខ្មៅ​ឱសថបុរាណ ដែលគ្មាន​ជាតិស្ករ ជំនួស​វិញ។

-កុំទទួលទាននំផ្អែម ឬទឹកស៊ីរ៉ូ

ទឹកស៊ីរ៉ូ ឬជាតិផ្អែមៗ អាចធ្វើឱ្យគ្រោះថ្នាក់ ដល់សុខភាព ឡើង​ទម្ងន់ និង​បង្ក​ការ​ប្រមូល​ផ្តុំ​ជាតិ​ខ្លាញ់។ អ្នកត្រូវ​សង្កេត​ថា នៅក្នុង​អាហារ​ដែលអ្នកទទួលទាន មាន​ប្រូតេអ៊ីន ដូចជា សាច់សត្វ តៅហ៊ូ ឬស៊ុត បរិមាណ​សមស្រប​ឬនៅ? បរិមាណ​ប្រូតេអ៊ីន ដែល​អ្នក​គួរ​ទទួលទាន គឺប្រហែល​១/៤​នៃ​អាហារ​នោះ ព្រោះ​ប្រូតេអ៊ីន ត្រូវការ​ពេល​រំលាយ​យូរ ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​បានយូរ និងអាច​បន្ថយ​ចំណង់​ទទួលទានអាហារ។

-ត្រៀមអាហារសម្រន់មកពីផ្ទះ

អ្នកគួរត្រៀមអាហារតាំងពីពេលយប់ ដើម្បីងាយស្រួលនៅពេល​ព្រឹក មុន​ពេល​ទៅ​ធ្វើការ។ អាហារសម្រន់ ដែលងាយស្រួលរក ដូចជា ទឹកដោះគោមិនដាក់ស្ករ ឬទឹកសណ្តែក គ្រាប់ល្ពៅ ឬគ្រាប់​ផ្កាឈូករ័ត្ន ចេក សណ្តែក​អាល់ម៉នដ៍​ដែល​មិនប្រៃ ទឹកដោះ​គោជូរ នំប៉័ងហូល​វីត​លាប​ប៊័រ​សណ្តែក បន្លែស្រស់ ដូចជា ត្រសក់​ហាន់​ចំណិតៗ ជាដើម។ ជាពិសេស អ្នក​គួរ​មាន​អាហារ​ទាំងនេះ នៅក្នុងផ្ទះ ជានិច្ច។

-ធ្វើចលនារាងកាយពេញ១ថ្ងៃ

ជំនួសការអង្គុយធ្វើការតែម៉្យាង អ្នកអាចឈរ លើកជើង ចុះឡើងៗ ដើម្បី​ឱ្យ​ឈាម​ហូរ​បាន​ស្រួល​ជាង​មុន ជាពិសេស អ្នក​ត្រូវងើប​ឈរ រាល់៣០​នាទី​ម្តង។ ចំណែក​ពេល​សម្រា​កថ្ងៃត្រង់ អ្នកគួរដើរ ឱ្យ​បាន​១០-១៥នាទី ហាត់ប្រាណ ដោយ​ឧបករណ៍​ជិះកង់។ ការហាត់ប្រាណ មិនត្រឹមតែ​ធ្វើឱ្យ​រាងកាយ ធ្វើការ​ដុតបំផ្លាញ ថាមពល​ប៉ុណ្ណោះទេ ថែមទាំង បំបាត់​អារម្មណ៍​តានតឹង បាន​យ៉ាងល្អ។

ក្រៅពីចំណុចខាងលើ ការកំណត់ថា នឹងទទួលទានអាហារអ្វី នៅក្នុង​សប្តាហ៍​នីមួយៗ គឺជា​ទង្វើ​ដ៏​ល្អ ជួយ​ឱ្យ​អ្នកទទួលទាន​អាហារ​ដែលល្អ ដែលនាំឱ្យ​សុខភាពល្អ​ទៀតផង។ លើស​ពីនេះ វាជួយ អ្នក​គ្រប់គ្រង​ពេលវេលា និង​សន្សំ​សំចៃប្រាក់ ដោយអ្នក​គួរ​រៀប​ចំការ​កំណត់ ដូចខាង​ក្រោម

-តើនឹងទួលទានអ្វី នៅពេល៣-៤ថ្ងៃ ខាងមុខ?
-សរសេរពីអាហារដែលអ្នកត្រូវទិញ មុននឹងទៅផ្សារ និងរៀបចំជាផ្នែកៗ ដូចជា បន្លែ ផ្លែឈើ សាច់ ឬរបស់ក្រៀមៗ ជាដើម។
-អ្នកគួរទៅទិញអាហារនៅពេលណាដែល អ្នកមិនមានការប្រញាប់ ដូចជា ព្រឹកថ្ងៃអាទិត្យ ពេលរសៀល ជាដើម។
-កុំទុកឱ្យពោះទំនេរ នៅមុនពេលដើរទិញអីវ៉ាន់ ព្រោះអាចធ្វើឱ្យអ្នក ទិញអាហារ ឬនំដែលមិនសូវល្អ ដល់សុខភាព។
ក្រៅពីនេះ នៅមានអាហារដើម្បីសុខភាព ល្អជាច្រើនទៀត ដែលអ្នកចាំបាច់ត្រូវបម្រុងទុក នៅក្នុងផ្ទះជានិច្ច ដូចជា បន្លែ ផ្លែឈើ ទឹកដោះគោ អង្ករសំរូប សាច់សត្វ ស៊ុត ជាដើម៕