Thursday, July 12, 2012

វិធី​ផលិត​ធ្យូង​សម្រាប់​កែប្រែ​គុណភាព​ដី​


*សម្ភារៈ​ត្រូវការ :

-​ធុងសាំង​មួយ កាត់​មាត់​ត្រឹម​ពាក់កណ្តាល​មិន​ឲ្យ​ដាច់​

-​មែកឈើ​តូចៗ​

*​វិធី​ផលិត​  : 
-​កាត់​មែកឈើ​ប្រវែង​ ៣ តឹក តម្រៀម​បញ្ឈរ​ៗឲ្យ​បាន​ពេញ​ណែន  ក្នុង​ធុងសាំង​ រហូត​ពេញ​ដល់​មាត់​​ ធុងដែលកាត់ រួចទាញបិទគម្រប​ម្ខាង​ដែល​បាន​កាត់​វិញ ។​

+​ជីក​រណ្តៅ​មួយ​រាង​ទ្រវែង ល្មម​អាចដាក់​ធុងសាំង​នេះ​ដុត​ពីលើ​បាន រណ្តៅ​នេះ​មិនត្រូវ​ឲ្យ​មាន​មាត់ធំ​ពេក​ទេ គឺ​ល្មម ដាក់​ធុងសាំង​ដុត​កុំ​ឲ្យ​វា​ធ្លាក់ចុះ​ក្រោម​បាន រួចយកធុងដែលបានដាក់កណាត់ឈើ ពីលើរណ្តៅ ។​ បន្ទាប់មក ​ដុត​ភ្លើង​ពីក្រោម​ធុងសាំង​ តែ​មិនត្រូវ ឲ្យ​ឆេះ​ឈើ​នៅក្នុង ធុងសាំង​នោះទេ ។​

+​ដុត​រហូត​កំទេចកំទី មែកឈើ​ក្នុង​ធុងសាំង​នោះ​ក្លាយទៅជា​ធ្យូង មាន​ពណ៌​ខ្មៅ នោះ​យើង​អាចយ​កវា​មក​ប្រើការ​បាន​ហើយ ។​

​ ​តាម​ការពិត​វិធី​ផលិត​ធ្យូង ( Biochar) ប្រភេទ​នេះ គេ​មាន​វិធី​ផលិត​មួយ​ហ្មត់ចត់ ជាង និង មានប្រសិទ្ធភាព​ជាង​ ប៉ុន្តែ​វា​ទាមទារ ឲ្យ​យើង​ត្រូវ​ចំណាយ​ច្រើនជាង​នេះ គឺ​ត្រូវកា​ត់មាត់​ធុងសាំង​ធ្វើជា ប្រឡោះ​មួយ ​រួច​ធ្វើ​គម្រប​មួយ​សម្រាប់​ក្រប​វា​ភ្ជិត ទៅវិញ ស្វាន​ប្រហោង​មួយ​ទំហំ ៥ ហ៊ុន សម្រាប់​ឲ្យ​ផ្សែង​ចេញ ដោយ​ប្រើ​បំពង់​ដែក​មួយ ធ្វើជា​បំពង់​បង្ហុយ ។​ ​ ​បើ​យើង​អាច​ប្រើ​វិធី​នេះ​បាន​វា​មាន​ធ្យូង​ដែលមាន​គុណភាព​ល្អ​ជាង ។

​ ​អ្វីដែល​យើង​ផលិត​បាន​នេះ គឺជា​ធ្យូង​ដែល​អាច​ឲ្យ​យើង យកមក​ដំ​ឲ្យ​ខ្ទេច​ម៉ត់ រួច​យកទៅដាក់​តាម​គុម្ព​ដំណាំ ដោយមាន​លុប​ដី​គ្របពីលើ​ផង ចំនួន​ដែល​យើង​ដាក់ គឺ​គ្មាន​កំណត់​ទេ យើង​អាចដាក់​ដើម ១០ គីឡូ ឬ ៥ គីឡូ​ក៏បាន ទៅតាម​ចំនួន​ធ្យូង​ដែល​យើង​មាន ដំណាំ​ណា ដែល​មិនសូវ​ដុះ​លូតលាស់ ឬ​ក្រិន យើង​អាច​ប្រើ​ធ្យូង​នេះ ត្រាំ​ជាមួយ​ទឹក​រួច​ស្រោច​ជុំវិញ​កាក​ដែល​នៅសល់ ចាក់​ដាក់​គល់​វា រួច​លុប​ដី​ពីលើ បន្តធ្វើ​បែបនេះ រហូត យើង​ឃើញ​មានការ​ប្រែប្រួល​ទៅលើ​ដំណាំ ដែល​ដុះ លូតលាស់​មិនល្អ​នោះ ចាប់ផ្តើម​ប្រែប្រួល បន្ទាប់ពីនោះ​ត្រូវ​បន្តធ្វើ​រៀងរាល់​មួយខែ​ម្តងៗ រហូតដល់​វាទ​ទួលបាន​ផ្លែផ្កា ។​

​ ​វិធី​ដែល​ងាយ​ជាងគេ​នោះ គឺ​យើង​អា​ចរក​ទិញ​ផេះ អង្កាម យកមក​ចាក់​ដាក់​រាយ​នៅត្រង់​ទី​ដាំ​ដំណាំ រួច​កាប់​ជ្រួយដីលុប​វា​ បន្ទាប់មក​ ស្រើចទឹកឲ្យ​ជោគ ដើម្បី​ឲ្យ​វា​ស្អិត​ជាប់​ជាមួយ​ដី មិន​ហើរ​តាម​ខ្យល់​ទៅ​អស់​ ។​

​ ​ការប្រើ​ធ្យូង​សម្រាប់​កែប្រែ​គុណភាព​ដី យើង​អាចជួយ​ឲ្យ​ដំណាំ​ដុះ​លូតលាស់​បានល្អ កាត់បន្ថយ​ការប្រើ​ជី ធ្វើ​ឲ្យ​ដី​ធូរ គ្មាន​មេរោគ អាច​រក្សា​សំណើម​បាន​ប្រសើរ​ជាង មិនតែប៉ុណ្ណោះ​ផល​ដែល យើង​ទទួលបាន​ក៏​ប្រសើរ​ជាង​ដែរ ៕