ការរៀបចំទីតាំង និងសណ្តាប់ធ្នាប់របស់ តុ និងកៅអី សម្រាប់អង្គុយធ្វើការប្រចាំថ្ងៃ តាមក្បួនហុងស៊ុយ ឱ្យបានល្អ នឹងជួយឱ្យការងាររបស់អ្នក កាន់តែទទួលបាន ជោគជ័យ...។
១.ជ្រើសទំហំតុឱ្យសមស្រប ៖
បើសិនមានឯកសារច្រើន ព្រមទាំងសម្ភារការិយាល័យដែលត្រូវការប្រើច្រើនមុខទៀត គួរជ្រើសតុធំបន្តិច ឱ្យ សមនឹងបរិមាណវត្ថុនៅលើតុ ឬ រកធ្នើរដាក់វត្ថុ មកដាក់បន្ថែមទៀត ទើបជួយ កាត់បន្ថយភាពច្របូកច្របល់ ខណៈពេលធ្វើការបាន។
២.រៀបចំតុឱ្យមានរបៀបរៀបរយ ៖
តុដែល រញ៉េរញ៉ៃ នាំឱ្យពិបាក ប៉ះពាល់ដល់ការប្រមូលអារម្មណ៍ គ្មានសមាធិ។ គួររក ថាសដាក់ឯកសារ ចែកជាប្រភេទ ឬប្រអប់ប្លាស្ទិក ទំហំផ្សេងៗ សម្រាប់ទុកវត្ថុកំប៉ិកកំប៉ុក ឱ្យមានរបៀបរៀបរយ។
៣.ជ្រើសទីតាំងដាក់តុឱ្យសមស្រប ៖
មិនគួរអង្គុយបែរខ្នងទៅរកបង្អួច ព្រោះធ្វើការអ្វីមួយអាចបាត់បង់កម្លាំង គាំទ្រ ប៉ុន្តែ ក៏នៅល្អជាងអង្គុយបែរខ្នងដាក់ទ្វារ ព្រោះតួនាទីការងារ អាចមិនគង់វង្ស។ ការអង្គុយបែរមុខរកជញ្ជាំង នឹងបន្ថយថាមពលការងារ។ តុធ្វើការ មិនគួរដាក់ជាប់ជញ្ជាំងពេកទេ គួរមានចន្លោះល្មមសមគួរ។ កន្លែងអង្គុយដែលល្អ ខាងក្រោយត្រូវមានជញ្ជាំង មើលឃើញទ្វារចូល ប៉ុន្តែ មិនគួរចំទ្វារធំទាំងស្រុងទេ នៅលើជញ្ជាំង គួរព្យួររូបភ្នំ ដើម្បីអនាគតការងារ។
៤.របស់របរលើតុ ៖
ខាងឆ្វេង ដាក់សៀវភៅ ឬវត្ថុដែលមានពណ៌ផ្ទៃមេឃ ឬមានថតតុ ទើបជួយបង្កើនដល់សតិបញ្ញា ឱ្យខួរក្បាលរហ័សរហួន។
៥.កុំព្យូទ័រ គ្រឿងប្រើប្រាស់ក្នុងការិយាល័យ ឬដើមឈើមង្គល ៖
ត្រូវដាក់នៅឆ្វេងដៃ ខាងក្រោយ ទើបជួយពង្រឹងភាពរុងរឿង។ ដើមឈើ ត្រូវថែរក្សាឱ្យមានពណ៌បៃតង ខៀវខ្ចី មិនស្វិតស្រពោន។
៦.ខាងក្រោយខ្នង ខណៈអង្គុយ ៖
បើដាក់ដើមដំបងយក្ស ប្រអប់នាមប័ណ្ណពណ៌ក្រហម ពានរង្វាន់ ឬ ប័ណ្ណសរសើរ នឹងជួយលើកស្ទួយកិត្តិយស កេរ្តិ៍ឈ្មោះ។
៧.ខាងស្តាំដៃ ប៉ែកខាងក្រោយ ៖
ប្រសិនបើរករបស់ពណ៌ជម្ពូ ឬរូបភាពបេះដូង មកដាក់តាំង នឹងជួយបង្កើនសម្ព័ន្ធភាពជាមួយមនុស្សនៅជុំវិញខ្លួន៕