ស្ត្រីសម្បុរស្រអែម ឬស្បែកពណ៌ទឹកឃ្មុំ អាចលើកសម្រស់របស់ខ្លួនឱ្យស្អាត សិចស៊ី ទាន់សម័យ ដោយពណ៌ត្នោត ឬពណ៌ទឹកឃ្មុំ ដែលនឹងធ្វើឱ្យអ្នកមើលទៅស្រស់ស្អាត យ៉ាងស្រទន់ និងសិចស៊ីគួរឱ្យទាក់ទាញ...។
១.ផ្តល់សំណើមដល់ស្បែកមុខ ដោយការលាបក្រែមថែស្បែក ឱ្យសព្វបរិវេណផ្ទៃមុខ និង ក។ បន្ទាប់ពីនោះ លាបម្សៅទ្រនាប់ដែលមានពណ៌ស្រដៀងនឹង ស្បែកសម្បុរស្រអែមរបស់អ្នកស្តើងៗ រួចកៀរឱ្យរាបស្មើសាច់ និងផាត់ពីលើដោយ ម្សៅហុយឆ្លុះពន្លឺ ឱ្យស្បែកមើលទៅផូរផង់ល្អ។
២.ប្រើជក់គូសចិញ្ចើម ទៅប៉ះនឹងម្សៅផាត់ភ្នែកពណ៌ត្នោតស្រាល ឬប្រើខ្មៅដៃគូសចិញ្ចើម គូសស្រាលៗ ឱ្យរៀវស្អាត។
៣.ប្រើម្សៅផាត់ភ្នែកពណ៌ត្នោត ផាត់ឱ្យសព្វបរិវេណ ស្នាមផ្នត់ត្របកភ្នែក បន្ទាប់មក ពត់រោមភ្នែកឱ្យង លាបម៉ាស្ការ៉ា ២-៣ដង ដើម្បីឱ្យរោមភ្នែក មើលទៅវែង និងកាន់តែក្រាស់ថែមទៀត។
៤.ផាត់ថ្ពាល់ទាំងសងខាងឱ្យមានពណ៌ព្រឿងៗ ដូចស្ត្រីមានសុខភាពល្អ ដោយម្សៅផាត់ថ្ពាល់ពណ៌ផ្កាឈូក ដោយផាត់ស្រាលៗ តាំងពីបរិវេណទួលថ្ពាល់ដែលប៉ោងឡើង ក្នុងពេលញញឹម រហូតដល់បរិវេណក្រោមសៀតផ្កា។
៥.ផ្តល់ភាពសិចស៊ីឱ្យបបូរមាត់ ដោយក្រែមពណ៌ចម្ប៉ាក្រៀម ឬពណ៌ទឹកឃ្មុំ ឬបើអ្នកចង់ឱ្យមើលទៅស្រទន់ គួរឱ្យទាក់ទាញ ត្រូវប្រើក្រែមរលោង ពណ៌ផ្កាឈូកស្រាល៕