១.នំឃេក ៖
ទោះបីជាមិនមែនជានំបែបប្រពៃណីខ្មែរក៏ដោយ ប៉ុន្តែ វាបានឆ្លងចូលមកក្នុងប្រទេសកម្ពុជា យូរដែរមកហើយ រហូតក្លាយជាការនិយមសម្រាប់ មនុស្សសម័យថ្មី។ ពិធីខួបកំណើតណា ដែលគ្មាននំឃេក គឺប្រៀបដូចជាស្ត្រីដែលពុំបានលាបក្រែមដូច្នោះដែរ មើលទៅដូចជាខ្វះអ្វីម៉្យាង។ ដូចនេះហើយ ទើបយុវវ័យមិនដែលបដិសេធនឹងកាដូប្រភេទនេះ និងលើកស្ទួយឱ្យវាជាកាដូពេញនិយមលំដាប់ទីមួយ ក្នុងស្រទាប់យុវវ័យ។
២.ចិញ្ចៀន ឬកងដៃ ៖
កាដូប្រភេទនេះ អ្នកណាៗក៏ចង់ទិញឱ្យមនុស្សជាទីស្រលាញ់ ព្រោះការពាក់ចិញ្ចៀន ខ្សែ-ក ឬនាឡិកា ដែលគូស្នេហ៍ជូន គឺប្រៀបបាននឹងការបិទស្លាក ប្រកាសឱ្យអ្នកដទៃដឹងថា “មនុស្សម្នាក់នេះ មានម្ចាស់ហើយ”។ ដូចនេះ ទើបវាជាកាដូដែលមនុស្សភាគច្រើន ត្រូវការឱ្យគូស្នេហ៍ មាន ទុកសម្រាប់គ្រប់គ្រង។ រីឯហេតុផលដែលបុរសចូលចិត្តទិញចិញ្ចៀនកាឡៃ ឱ្យគូស្នេហ៍នោះ ព្រោះគ្រឿងលម្អទាំងនេះ ជារបស់ដែលស្ត្រីចូលចិត្តពាក់ និងធានាបាន នូវសុវត្ថិភាព មិនភ័យខ្លាចចោរឆក់ ថែមទាំងតម្លៃក៏ថោកសមរម្យ។
៣.តុក្កតា ៖
ជាកាដូដែលស្ត្រីភាគច្រើន ចូលចិត្តបំផុត នេះប្រហែលជាមកពីសភាវគតិនៃភាពជាមាតា ដែលបង្កប់នៅក្នុងរាងកាយរបស់ស្ត្រី ធ្វើឱ្យមានអារម្មណ៍ចង់បីបម, ឱបថើបកូនតុក្កតានោះ។ តុក្កតា ដែលពេញនិយមបំផុត គឺតុក្កតាខ្លាឃ្មុំ។
៤.ផ្កា ៖
កាលពីសម័យមុន នៅពេលដែលយកផ្កាទៅជូនគូស្នេហ៍ បុរសអាចនឹងគិតថា ភាពជាកូនប្រុសរបស់គេ អាចនឹងត្រូវបំផ្លាញ ប៉ុន្តែ សម្រាប់កំលោះៗសម័យនេះ គេបានបន្ទន់ឥរិយាបថទៅតាមសម័យកាលរួចស្រេចទៅហើយ ការបានទទួលផ្កាកុលាប ដ៏ស្រស់ស្អាតមួយទង គឺជាការបន្ថែមអារម្មណ៍ល្អៗសម្រាប់គេ នៅថ្ងៃខួបកំណើត។ រីឯមនុស្សស្រីនឹងបុប្ផា គឺជាគូនឹងគ្នា តាំងពីយូរយារណាស់មកហើយ មិនថា ពេលណា ស្ត្រីរមែងពុំដែលបដិសេធចំពោះការជូនផ្កាឡើយ។
៥.ឧបករណ៍អេឡិកត្រូនិក ៖
មិនថាជាឧបករណ៍តន្ត្រី, ទូរស័ព្ទដៃ ឬ កុំព្យូទ័រខ្នាតតូច... ក្រៅពីត្រូវចិត្តអ្នកទទួលហើយ នៅបញ្ជាក់ឱ្យឃើញថា ជាយុវវ័យទាន់សម័យបច្ចេកវិទ្យាពិភពលោក។ បើអ្នកកំពុងប្រកួតប្រជែងជាមួយភាគីណាមួយ កាដូប្រភេទនេះ នឹងជួយបន្ថែមពិន្ទុឱ្យអ្នកដោយស្វ័យប្រវត្តិ។
៦.អ្វីក៏បាន ដែលផុសចេញពីទឹកចិត្តគូស្នេហ៍ ៖
នេះគឺជាកាដូថ្ងៃកំណើត ដែលគូស្នេហ៍ចង់បានបំផុត មិនចាំបាច់ថា របស់នោះមានតម្លៃថ្លៃ មានរូបរាងបែបណា ឬសោះកក្រោះបែបណា ព្រោះតម្លៃរបស់វា ស្ថិតនៅលើអារម្មណ៍ល្អៗ ដែលផុសចេញពីទឹកចិត្តគូស្នេហ៍ច្រើនជាង៕