អាហារមានកាកសរសៃ ជួយដល់ការសម្រកទម្ងន់ ព្រោះវាសម្រួលដល់ការរំលាយអាហារ និងការបញ្ចោញចោល បន្ថយកម្រិតកូលេស្តេរ៉ូល បង្កើតការគ្រប់គ្រងទម្ងន់ និងកម្រិតជាតិស្ករក្នុងឈាម រួមទាំងប្រឆាំងនឹងការបង្កជំងឺមហារីក បន្ថយឱកាសប្រឈមនឹងជំងឺសរសៃឈាមបេះដូង។ ដើម្បីទទួលបានសុខភាពល្អ រាងកាយស្អាត សមសួន អ្នកគួរសាកល្បងទទួលទានអាហារដូចខាងក្រោម...។
-អាហារដែលមានកាកសរសៃខ្ពស់ ៖
ផ្លែឈើ ៖ ដូចជា ផ្លែប៉ោម ផ្លែប៊័រ ល្ហុង ក្រូច ត្រសក់ស្រូវ ស្វាយ គីវី ចេក រួមទាំងផ្លែពពួកបឺររីខ្លះៗ ដូចជា ស្ត្រវបឺររី រ៉ាស់បឺររី និងប្លេកបឺររី ជាដើម។
បន្លែ ៖ ដូចជា ប្រូកខូលី ការ៉ុត ប៉េងប៉ោះ ដំឡូងបារាំង ផ្ទី និងពោត។
ធញ្ញជាតិ ៖ មានដូចជា អង្ករអាវ័ន នំប៉័ង ហូលវីត ផាស្តា ជាពិសេស អង្ករសំរូប ដែលមានកាកសរសៃអាហារ រហូតដល់៥.៥ក្រាម។
សណ្តែក ៖ ដូចជា សណ្តែកក្រហម សណ្តែកខៀវ សណ្តែកដី សណ្តែកអាម៉នដ៍ គ្រាប់ល្ពៅ គ្រាប់ផ្កាឈូករ័ត្ន ជាដើម។
-វិធីទទួលទាន ដើម្បីឱ្យទទួលបាន កាកសរសៃអាហារច្រើន ៖
ទទួលទានធញ្ញជាតិ ៖ បើទទួលទានជាអាហារពេលព្រឹក រាល់ថ្ងៃ កាន់តែល្អ ជាពិសេស រសជាតិធម្មជាតិ មិនផ្អែម ផ្តល់ផលល្អយ៉ាងខ្ពស់ ព្រោះមានកាកសរសៃអាហារ រហូតដល់ ៤ក្រាម។ ម៉្យាងទៀត អ្នកអាចទទួលទានរួមជាមួយផ្លែឈើ ដូចជា ចេក ឬល្ហុង បាន។
ទទួលទានទឹកដោះគោជូរ នៅពេលព្រឹក ១ដង ក្នុង១សប្តាហ៍ ៖ អ្នកគួរលាយទឹកដោះគោជូរ ជាមួយធញ្ញជាតិ និងស្ត្រវបឺររី ដើម្បីទទួលទានជាអាហារពេលព្រឹក និងដើម្បីជាការបន្ថែមកាកសរសៃអាហារ បានយ៉ាងល្អ។
ទទួលទានការ៉ុត និងប្រូកខូលី ជាអាហារបន្ថែម ៖ ដើម្បីជាការបន្ថែមចំណី នៅពេលរសៀល ថែមទាំងផ្តល់កាកសរសៃអាហារ ៥ក្រាម ទៀតផង។
នំស្រួយហូលវីត លាយប៊័រសណ្តែក ៖ នំស្រួយហូលវីត លាយប៊័រសណ្តែក ក៏អាចជួយបន្ថែមកាកសរសៃអាហារបានដូចគ្នា ជំនួសឱ្យការទទួលទាននំប៉័ង ឬនំគុកគី។ នៅពេលដែលអ្នកឃើញ ពាក្យថា “Whole Wheat” (ហូលវីត) ឬ“Whole Grain” ហូលហ្គ្រែន មានន័យថា វាផ្ទុកនូវជាតិកាកសរសៃអាហារ ដែលមានប្រយោជន៍ជាច្រើន ចំពោះសុខភាព។
ប្តូរអាហារដែលមានក្នុងរថយន្ត ឬតុធ្វើការងារ ៖ អ្នកគួរប្តូរអាហារទាំងនោះ ទៅជាអាហារកំដរមាត់ ដែលមានប្រយោជន៍ដល់សុខភាព ដូចជា សណ្តែកផ្សេងៗ ទំពាំងបាយជូរក្រៀម ឬសណ្តែកស្រោបដោយសូកូឡា ជាដើម។
ផ្លែប៉ោម ជាប្រភពនៃកាកសរសៃអាហារ ៖ ការទទួលទានផ្លែប៉ោម ១-២ផ្លែ ក្នុង១ថ្ងៃ អាចជួយឱ្យសុខភាពល្អ រាងកាយរឹងមាំ។ ក្រៅពីនេះ ផ្លែប៉ោម មានសារធាតុផេកទីន ដែលជាកាកសរសៃអាហាររលាយក្នុងទឹក ដែលធ្វើឱ្យរំលាយអាហារយឺតៗ ជាហេតុធ្វើឱ្យអ្នកមានអារម្មណ៍ថា ឆ្អែតបានយូរ។
ដាក់សណ្តែកក្រហម ក្នុងបន្លែញាំ ៖ សណ្តែកក្រហម ត្រឹមតែកន្លះពែង ក៏អាចផ្តល់កាកសរសៃអាហារ រហូតដល់៥ក្រាម។
ផ្ទី ៖ ជាបន្លែមួយប្រភេទ ដែលមានកាកសរសៃអាហារច្រើន។
ទទួលទានអង្ករសំរូប ៖ អ្នកគួរសាកល្បងប្តូរការទទួលទានបាយអង្ករសម្រិត មកជាបាយអង្ករសំរូប ដើម្បីឱ្យសុខភាពកាន់តែល្អ៕